ជម្ងឺឬសដូងបាត
នៅក្នុងទ្វារបាតមានជាលិកាពិសេស ដែលមានតួនាទីជាសន្ទះ (Anal Cushion)ជួយសម្រួលដល់ទ្វារបាតពេលបន្ទោរបង់និងជួយធ្វើឲ្យទ្វារបាតបិទជិតក្នុងស្ថានភាពធម្មតាសន្ទះនេះរួមមានសរសៃឈាម និងសាច់ដុំតូចៗជួយទាញឲ្យសន្ទះនៅក្នុងទីតាំងធម្មតានៃទ្វារបាតត្រង់ចំនុចតភ្ជាប់រវាងស្បែកជាមួយជាលិកាទ្វារបាត (dentate line)។
ជម្ងឺឬសដូងបាតគឺ ស្ថានភាពសន្ទះបានលៀនចេញមកក្រៅខុសពីធម្មតា និងការរីកធំឡើងមិនបិទផ្ជិតវិញក្រោយបន្ទោរបង់រួច រហូតដល់ធ្វើឲ្យចេញឈាមពេលបន្ទោរបង់ ឬមានដុំសាច់លៀនចេញនៅទ្វារបាត។
អាការៈរបស់ជម្ងឺឬសដូងបាត
1. មានឈាមចេញមកក្រោយបន្ទោរបង់។
2. ដុំសាច់លៀនចេញតាមទ្វារបាតខណៈកំពុងបន្ទោរបង់។
3. ទ្វារបាតសើម រមាស់ជុំវិញទ្វារបាត។
4. ប្រសិនបើមានអាការៈរលាកឬសដូងបាតនឹងធ្វើឲ្យមានការឈឺចុកចាប់ត្រង់បរិវេណទ្វារបាត។
5. លៀនដុំសាច់ត្រង់បរិវេណទ្វារបាត។
មូលហេតុនាំឲ្យកើតជម្ងឺឬសដូងបាត
1. មានអាការៈចុកឆ្អល់ពោះ ពិបាកបន្ទោរបង់ ប្រឹងខ្លាំងពេលបន្ទោរបង់ធ្វើឲ្យសន្ទះលៀនចេញមកក្រៅ។
2. ចុះរាគ បន្ទោរបង់ញឹកញាប់ក៏ជាមូលហេតុមួយផងដែរ ព្រោះថា ចុះរាគ ត្រូវបន្ទោរបង់ញឹកញាប់បន្ទោរបង់ម្ដងៗ ត្រូវប្រឹងបន្ទោរបង់។
3. មានទម្លាប់ក្នុងការបន្ទោរបង់ប្រឹងយ៉ាងខ្លាំងដើម្បីព្យាយាមបញ្ចេញលាមកឲ្យអស់។
4. មានទម្លាប់ក្នុងការអង្គុយបន្ទោរបង់ដោយប្រើរយៈពេលយូរដូចជា អង្គុយអានសៀវភៅ អង្គុយលេងទូរស័ព្ទ។
5. ស្រ្តីមានផ្ទៃពោះ មានស្ថានភាពអម៉ូនប្រែប្រួលគួបផ្សំនឹងស្បូនរីកធំ ធ្វើឲ្យពិបាកបន្ទោរបង់។
ប្រភេទជម្ងឺឬសដូងបាត
1. ឬសដូងបាតខាងក្រៅ (external hemorrhoid) នឹងក្លាយជាដុំនៅត្រង់បរិវេណទ្វារបាត ខាងក្រៅ dentate line ដោយសារតែ ឬសដូងបាតប្រភេទនេះស្រោបដោយស្បែកដូច្នេះបណ្ដាលឲ្យមានអាការៈឈឺចុកចាប់ពេលមានការរលាក (thrombosed hemorrhoid) ឬមានឈាមចេញតាមឬសដូងបាតបាន។
2. ឬសដូងបាតខាងក្នុង (internal hemorrhoid) នឹងកើតលើ dentate line ស្ថិតនៅផ្នែកខាងក្នុងនៃទ្វារបាត ស្រោបដោយសន្ទះទ្វារបាតគ្មានប្រព័ន្ធសរសៃប្រសាទទទួលភាពឈឹចាប់ដូចស្បែកធម្មតា។
ជម្ងឺឬសដូងបាតខាងក្នុងចែកចេញជា 4 ដំណាក់កាល
ដំណាក់កាលទី 1 ក្បាលឬសដូងបាតខាងក្នុងគ្មានដុំសាច់លៀនចេញក្រៅ តែមានចេញឈាមក្រោយបន្ទោរបង់ដែលអាចព្យាបាលបានដោយទទួលទានថ្នាំហើយបន្ថែមសារជាតិសរសៃក្នុងពោះវៀនធ្វើឲ្យបន្ទោរបង់បានងាយស្រួលប៉ុន្តែប្រសិនបើនៅតែមានឈាមចេញទៀត អាចព្យាបាលដោយចាក់ថ្នាំចូលទៅក្នុងបរិវេណក្បាលឬសដូងបាតដែលមានឈាមចេញ។
ដំណាក់កាលទី 2 ក្បាលឬសដូងបាតលៀនចេញមកក្រៅនៅពេលបន្ទោរបង់ និងមានចេញឈាម ប៉ុន្តែក្បាលឬសដូងបាតនៅអាចលិបចូលទៅក្នុងទ្វារបាតវិញដោយខ្លួនឯងបានអាចព្យាបាលបានដោយវិធីបាញ់កៅស៊ូចង ឬចាក់ឲ្យក្បាលឬសដូងបាតស្វិតរួមទាំងការបន្ថែមសារជាតិសរសៃនៅក្នុងពោះវៀន។
ដំណាក់កាលទី 3 ក្បាលឬសដូងបាតលៀនចេញមកក្រៅ ហើយមិនអាចលិបចូលក្នុងដោយខ្លួនឯងបានទេ ត្រូវប្រើដៃរុញចូលវិញគ្រប់ពេលវាលៀនចេញថែមទាំងមានឈាមពេលបន្ទោរបង់ ការព្យាបាលក្នុងដំណាក់កាលទី 3 ភាគច្រើនត្រូវវះកាត់ លើកលែងតែករណីខ្លះក្បាលឬសដូងបាតមិនធំហួសខ្នាតអាចព្យាបាលដោយវិធីបាញ់កៅស៊ូចងឬសដូងបាត។
ដំណាក់កាលទី 4 ជាដំណាក់កាលដែលឬសដូងបាតចេញមកក្រៅគ្រប់ពេល មិនអាចរុញចូលក្នុងវិញបាន ថែមទាំងមានអាការៈឈឺចុកចាប់ថែមទៀតផងបើមានអាការៈរលាកនៅត្រង់ក្បាលឬសដូងវីធីព្យាបាលមានតែត្រូវវះកាត់មួយមុខប៉ុណ្ណោះ។
ការព្យាបាលជម្ងឺឬសដូងបាត
ទទួលទានអាហារដែលមានសារជាតិសរសៃឬពិសាថ្នាំបន្ថែមសារជាតិសរសៃនៅក្នុងពោះវៀននឹងជួយធ្វើឲ្យងាយស្រួលបន្ទោរបង់ ឈាមចេញតិចជាងមុនជៀសវាងទម្លាប់ផ្សេងៗ ដែលបង្កឲ្យកើតជម្ងឺឬសដូងបាត។
ការព្យាបាលជម្ងឺខាងក្រៅ
បើមានឈាមចេញពីឬសដូងខាងក្រៅឬរលាកវិធីព្យាបាល គឺត្រូវវះកាត់ មិនអាចព្យាបាលដោយចាក់ថ្នាំ ឬរឹតកៅស៊ូបានទេព្រោះនាំឲ្យមានការឈឺចុកចាប់។
ការព្យាបាលជម្ងឺឬសដូងបាតខាងក្នុង
1. ពិសារថ្នាំព្យាបាលជម្ងឺឬសដូងបាតរយៈពេលដំបូងជួយធ្វើឲ្យឬសដូងបាតកាត់បន្ថយការចេញឈាម។
2. ការព្យាបាលដោយមិនចាំបាច់វះកាត់ក្នុងករណីឬសដូងបាតខាងក្នុងហើយជាដំណាក់កាលដំបូងៗ គឺ ដំណាក់កាល 1-2អាចព្យាបាលដោយប្រើកៅស៊ូចងរឹតឬសដូង ឬចាក់ថ្នាំ។
3. ការវះកាត់ អាចធ្វើបានជាច្រើនវិធី
3.1 ការវះកាត់ឬសដូងបាតធម្មតា
3.2 ការវះកាត់ឬសដូងបាតដោយប្រើឧបករណ៍កាត់ LigaSure ធ្វើឲ្យកាត់បន្ថយការឈឺចុកចាប់ក្រោយធ្វើការវះកាត់ឬសដូងបែបធម្មតាអាចវះកាត់បានទាំង ឬសដូងបាតខាងក្រៅ និងខាងក្នុង។
3.3 ការវះកាត់ដោយប្រើឧបករណ៍កាត់ស្វ័យប្រវត្តិសម្រាប់ព្យាបាលក្នុងករណីឬសដូងបាតខាងក្នុងនៃដំណាក់កាល 2-3 ឧបករណ៍កាត់ក្បាលឬសដូងបាតចេញនិងដេរ សន្ទះឲ្យចូលកន្លែងដើមជាធម្មតាវិញមានអាការៈឈឺចុកចាប់តិចជាងប៉ុន្តែអាចប្រើបានសម្រាប់តែឬសដូងបាតខាងក្នុងប៉ុណ្ណោះមិនអាចធ្វើការវះកាត់ឬសដូងបាតខាងក្រៅបានទេ។
មន្ទីរពេទ្យផះយ៉ាថៃ 2
មជ្ឈមណ្ឌលឆ្លើយឆ្លងព័ត៌មានអន្តរជាតិ
ទូរស័ព្ទ៖ + 66-2617-2444 ext. 2020 ឬ 2047 អ៊ីម៉ែលៈ onestop@phyathai.com