ជំងឺមហារីកបំពង់ក
"ជំងឺមហារីកបំពង់ក" គឺកើតមានច្រើនចំពោះបុរសជាងស្ត្រី ដោយសារការជក់បារី និងការផឹក គឺជា ហានិភ័យខ្ពស់ចំពោះជំងឺមហារីកបំពង់ក។ មនុស្សជាច្រើនប្រហែលជាជក់បារី និងផឹកស្រាអស់រយៈពេលយ៉ាងយូរ តាំងពីក្មេងជំទង់ តែវាមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរទេ។ ការពិត វាមានការវិវត្តយឺត ហើយរោគសញ្ញានឹងលេចមកពេលក្រោយ ក្នុងអំឡុងពេលវ័យកណ្តាល ដែលអាចក្លាយជាជំងឺមហារីក។ តើយើងដឹងថាយើងមានរោគសញ្ញាទាំងនោះដែរឬទេ? វេជ្ជបណ្ឌិត Chantima Arayangkun អ្នកឯកទេសនៅមជ្ឈមណ្ឌលវះកាត់ផ្នែកក្បាល និងក នៃមន្ទីរពេទ្យផះយ៉ាថៃ 2 បានផ្តល់ការពន្យល់អំពីជំងឺមហារីកបំពង់ក។
រោគសញ្ញានៃជំងឺមហារីកបំពង់ក
1 ស្អកកជាប់ជាប្រចាំ
2 ពិបាកក្នុងការលេប ឈឺនៅពេលលេប
3 ពិបាកដកដង្ហើម ក្នុងករណីធ្ងន់ធ្ងរ
ការធ្វើរោគវិនិច្ឆ័យ
ប្រសិនបើអ្នកមានរោគសញ្ញា ដែលបង្ហាញថាអ្នកអាចមានជំងឺមហារីកបំពង់ក។ ការធ្វើរោគវិនិច្ឆ័យ វេជ្ជសាស្ត្រនឹងត្រូវបានអនុវត្តដូចខាងក្រោម៖
1. ការពិនិត្យត្រចៀក ច្រមុះ និងបំពង់ក
2. ការថតឆ្លុះដើម្បីពិនិត្យរកមើលភាពមិនប្រក្រតី ប្រសិនបើដុំសាច់ត្រូវបានរកឃើញ គំរូកោសិកានឹងត្រូវបានយកចេញដើម្បីពិនិត្យថាតើវាជាកោសិកាមហារីកឬទេ។
3. ប្រសិនបើអ្នកជំងឺមានដុំពកនៅក ឬបំពង់ក វានឹងត្រូវបានច្រឹបយកចេញដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត
4. ការពិនិត្យសុខភាពរាងកាយ
5. ការធ្វើតេស្តឈាម
6. ការធ្វើតេស្តរូបភាព X-Ray ដើម្បីកំណត់ដំណាក់កាលនៃជំងឺ
ការព្យាបាលជំងឺមហារីកបំពង់ក
1. ដំណាក់កាលដំបូងនៃជំងឺមហារីក - ប្រើការព្យាបាលដោយកាំរស្មីវិទ្យុ ឬការវះកាត់ដើម្បីព្យាបាលជំងឺមហារីកខណៈពេលដែលរក្សាបំពង់ក ដូច្នេះអ្នកជំងឺនៅតែអាចនិយាយ និងដកដង្ហើមបានធម្មតា។
2. មហារីកបំពង់កកម្រិតខ្ពស់ (ដំណាក់កាល III-IV) - ការវះកាត់ ត្រូវបានអនុវត្តដើម្បីយកចេញដើមបំពង់ក ឬដុំកូនកណ្តុរនៅក។ បនា្ទប់ពីការដកចេញដើមបំពង់ក ឬបំពង់សំឡេង អ្នកជំងឺមិនអាចនិយាយ ឬដកដង្ហើមបានធម្មតាទេ។ ដើម្បីជួយអ្នកជំងឺដកដង្ហើម ចន្លោះមួយ (ប្រហោង) ត្រូវបានដាក់នៅក ដែលជាប់នឹងបំពង់ខ្យល់។ អ្នកជំងឺនឹងរៀននិយាយឡើងវិញ ពាក់ព័ន្ធនឹងការនិយាយបំពង់អាហារ និងបំពង់កសិប្បនិម្មិត។ ក្នុងដំណាក់កាលនេះ ការព្យាបាលដោយប្រើគីមី រួមជាមួយវិទ្យុសកម្មអាចជួយបង្កើនអត្រាព្យាបាល។
ផលប៉ះពាល់នៃជំងឺមហារីកបំពង់ក
1. បើសិនជាជំងឺមហារីកបំពង់កមិនត្រូវបានព្យាបាលរយៈពេលយូរ អ្នកជំងឺនឹងមិនអាចដកដង្ហើមបានទេដោយសារតែដុំសាច់ដែលរាំងស្ទះបំពង់ខ្យល់។ បន្ទាប់មកវាចាំបាច់ត្រូវធ្វើការវះកាត់ចោះរន្ធ នៅពីមុខកដើម្បីឱ្យមានការដកដង្ហើម ហើយប្រសិនបើអ្នកជំងឺមិនអាចទៅដល់មន្ទីរពេទ្យបានទាន់ពេលវេលានោះ អ្នកជំងឺអាចនឹងត្រូវស្លាប់។
2. ជំងឺមហារីកអាចរាលដាលទៅដល់សរីរៈដទៃទៀតដូចជាបំពង់អាហារ គល់អណ្ដាត និងបំពង់ខ្យល់ជាដើម។ ការហូរឈាមកើតឡើង; ហើយអ្នកជំងឺមិនអាចបរិភោគ ឬដកដង្ហើមដែលអាចនាំអោយស្លាប់។ មហារីកក៏អាចឆ្លងរាលដាលទៅដល់សួត ឆ្អឹង និងថ្លើម។
តើធ្វើដូចម្តេចដើម្បីថែទាំខ្លួន ចៀសពីជំងឺមហារីកបំពង់ក
1. វិធីល្អបំផុតដើម្បីការពារខ្លួនអ្នកពីជំងឺមហារីកបំពង់ក គឺកាត់បន្ថយហានិភ័យ។ ចៀសវាងការជក់បារី និងផឹកស្រា ក៏ដូចជាការថែទាំខ្លួនឱ្យបានល្អ។
2. បើមានសញ្ញាណ ឬរោគសញ្ញាណ ដូចជាក្អក ឈឺក ពិបាកដកដង្ហើម មកជួបពេទ្យ។ កុំរង់ចាំយូរ ឬប្រើប្រាស់ថ្នាំដោយខ្លួនអ្នក ព្រោះយើងមិនដឹងថាវាអាចជារោគសញ្ញានៃជំងឺមហារីកបំពង់ក ឬអត់នោះទេ។
Dr.Chantima Aranyangkun
គ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៃផ្នែកវះកាត់ ក្បាល និងក
មជ្ឈមណ្ឌលវះកាត់ក្បាល និងក មន្ទីរពេទ្យផះយ៉ាថៃ 2
អ្នកអាចរកគ្រូពេទ្យឯកទេសរបស់យើងនៅមជ្ឈមណ្ឌលវះកាត់ក្បាល និងក មន្ទីរពេទ្យផះយ៉ាថៃ 2
មជ្ឈមណ្ឌលឆ្លើយឆ្លងព័ត៌មានអន្តរជាតិ
ទូរស័ព្ទ៖ + 66-2617-2444 ext. 2020 ឬ 2047 អ៊ីម៉ែល៖ onestop@phyathai.com